ចំណុចប្លែកៗ និងទាក់ទាញជាច្រើនរបស់ កោះក្របី ដែលមនុស្សម្នានឹកស្មានមិនដល់!!!

ហេតុអ្វីបានជាកោះនេះមានឈ្មោះថា កោះក្របី? តើនៅលើកោះនេះ ក៏ដូចជានៅក្នុង Six Senses Krabey Island មានអ្វីពិសេសខ្លះ? ថ្ងៃនេះ ខាងក្រុមហ៊ុនទេសចរណ៍ វើលដ៍ផប ក៏ដូចជាអ្នកតំណាងរបស់ Resort នឹងផ្តល់នូវព័ត៌មានបែបខ្លីតែខ្លឹមសម្រាប់ប្រិយមិត្ត ធ្វើជាសម្រេចចិត្តថាគួរតែមកស្គាល់ម្តង ឬក៏អត់?

កាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៣ នេះ លោក DANAT THANOOSILP ប្រធានផ្នែកលក់ និងទីផ្សារ (Director of Sales and Marketing) បានផ្តល់នូវកិច្ចសម្ភាសន៍ដ៏មានអត្ថន័យ និយាយអំពីចំណុចពិសេស និងអាថ៌កំបាំងដល់មានតម្លៃ ដែលធ្វើឱ្យកោះក្របី គឺជា Resort ដែលទេសចរ ទាំងជាតិ និងអន្តរជាតិមិនគួរមើលរំលង។ លោកបានឆ្លើយតបនឹងកម្រងសំណួរជាច្រើនដែលប្រិយមិត្តមួយចំនួនអាចនឹងមានការងឿងឆ្ងល់កន្លងមក ដូចខាងក្រោមនេះ៖

១ ហេតុអ្វីបានជា Resort នេះមានឈ្មោះថា កោះក្របី (Six Sense Krabey Island)?

យើងសម្រេចដាក់ឈ្មោះបែបនេះ ព្រោះតែឈ្មោះកោះនេះពីដើមឡើយគឺ កោះក្របី ហើយពួកយើងមិនចង់ផ្លាស់ប្តូរផ្នែកណាមួយនៃអត្តសញ្ញាណកោះនេះទេ។ តួយ៉ាង ដូចជាភ្ញៀវដែលធ្លាប់បានមកសម្រាកលំហែនៅទីនេះគឺនឹងឃើញហើយថា នៅក្នុងវីឡានីមួយៗ គឺមានតាំងនូវផ្ទាំងគំនូរបង្ហាញពីវ៉ូងក្របី ដែលឆ្លុះបញ្ចាំងពីឈ្មោះរបស់កោះនេះផ្ទាល់តែម្តង។ ប៉ុន្តែជាក់ស្តែងនៅលើកោះនេះបច្ចុប្បន្នគឺអត់មាន ក្របី ទេ។

២ តើនៅលើកោះនេះ ក៏ដូចជាក្នុង Resort ផ្ទាល់មានចំណុចពិសេសអ្វីខ្លះ?

ចំណុចពិសេសនោះគឺបរិយាសដែលមានភាពអំណោយផលពីធម្មជាតិ ការរក្សានូវទ្រង់ទ្រាយដើមរបស់ព្រៃឈើ ហើយនៅលើកោះនេះ ក៏មានដើមឈើជាច្រើនប្រភេទ ដែលមានអាយុកាលច្រើនឆ្នាំមកហើយ ដោយវាបង្ហាញផងដែរពីអត្តសញ្ញាណនៃប្រទេសកម្ពុជា។ ទន្ទឹមនឹងនោះ យើងក៏មានពូជសត្វស្លាបប្រហែលជាង ២០ ប្រភេទ កន្ទុំរុយជាង ៣០ ប្រភេទ និងសត្វដទៃជាច្រើនផ្សេងៗជាច្រើន។ ដូច្នេះ ពេលដែលភ្ញៀវបានមកដល់ទីនេះ ប្រៀបបាននឹងពួកគេកំពុងតែផ្សារភ្ជាប់ខ្លួនឯងជាមួយធម្មជាតិ។

៣ តើនៅលើកោះនេះ មានសកម្មភាព ក៏ដូចជាកម្មវិធីកម្សាន្តអ្វីខ្លះសម្រាប់ភ្ញៀវ ដែលមកសម្រាក?

ពួកយើងមានកម្មវិធី និងសកម្មភាពសប្បាយៗជាច្រើន ដូចជាការទស្សនាថ្ងៃរះ និងថ្ងៃលិច​ ការហាត់យូហ្គាបែប Flying Yoga កន្លែងហាតប្រាណ កន្លែងស្ពា ថ្នាក់បង្រៀនធ្វើគ្រឿងផ្សំសម្រាប់ស្ពា កន្លែងតាំងសមា្មធិ ដែលស្ថិតនៅទីតាំង ដែលយើងអាចមើលឃើញភាពស្រស់ស្អាតនៃសមុទ្រ។ យើងក៏មាននូវសកម្មភាពលេងក្នុងទឹកដូចជា ការមុជទឹកមើលផ្កាថ្ម ការចែវទូកកាយ៉ាស អ្នកក៏អាចមើលឃើញនូវពន្លឺ ផ្លេនតុន ខៀវចែងចាំងពីក្នុងសមុទ្រ ហើយអ្នកក៏អាចធ្វើការដើរកម្សាន្តក្នុង Resort យ៉ាងសប្បាយរីករាយ និងជិះទូកដរមើលទេសភាពសមុទ្រផងដែរ។

៤ តើនៅលើកោះនេះ ម្ហូបអ្វីដែលពិសេសជាងគេ?

ម្ហូបដែលភ្ញៀវទាំងជាតិ និងអន្តរជាតិមិនគួរមើលរំលងនោះគឺ នំបញ្ចុក។ ស្តាប់ទៅវាសាមញ្ញទេ ប៉ុន្តែនៅក្នុងនំបញ្ចុកមួយចាននេះមានគ្រឿងធម្មជាតិជាច្រើន ក៏ដូចជាសាច់ជ្រូក និងគ្រឿងសមុទ្រ បន្លែ គ្រឿងផ្សំក្នុងសម្ល និងសរសៃនំ ដែលបង្ហាញពីភាពសម្បូរបែបរបស់ប្រទេសកម្ពុជា។ សំខាន់ទៀតនោះគឺវាឆ្ងាញ់ខ្លាំងណាស់។

៥ ហេតុអ្វីបានជាអ្នកគិតថា  Six Senses Krabey Island, Cambodia គឺជា Resort ដែលទេសចរ មិនគួរមើលរំលង?

Six Senses Krabey Island, Cambodia គឺជា Resort ដែលទេសចរ មិនគួរមើលរំលង ព្រោះ Resort យើងតែងតែព្យាយាមរំលេចនូវសម្រស់នៃតំបន់ទេសចរណ៍កម្ពុជា ដែលប្រៀបដូចជាត្បូងពេជ្រលាក់ខ្លួនកណ្តាលវ៉ូងសាគរ  ជំនួសឱ្យការរំលេចខ្លួនជា Resort បែបអន្តរជាតិ។ បើយើងនិយាយពីការរៀបចំវិញ គឺយើងបានចំណាយពេលជាង ៦​ ឆ្នាំដើម្បីកែច្នៃតំបន់មួយនេះ។ ចំណាយពេលយូរបែបនេះ គឺព្រោះយើងចង់ព្យាយាមរក្សានូវព្រៃឈើ និងដើមឈើដែលមានលើកោះនេះ ឱ្យនៅក្នុងទ្រង់ទ្រាយដើម ចំណែកក្នុងវីឡានីមួយៗទៀតសោតក៏មានរំលេចនូវដុំថ្មធំៗ ព្រៃឈើក្រាស់ក្រែល ដែលខ្ញុំនៅតែអាចបញ្ជាក់ដូចដើមថា វាគឺជាអត្តសញ្ញាណបង្ហាញពីភាពអំណោយផលនៃធម្មជាតិរបស់ប្រទេសកម្ពុជា។

អារម្មណ៍ពេលបានមើលដល់ទីនេះគឺប្រៀបដូចជាអ្នកកំពុងតែរស់ក្នុងព្រៃភ្នំពិតៗ។ ចំណែកបុគ្គលិករបស់ពួកយើងសឹងតែ ៩៩ ភាគរយគឺជាជនជាតិខ្មែរ ហើយពួកគាត់ពិតជាផ្តល់នូវការស្វាគមន៍យ៉ាងរួសរាយ ជាមួយនឹងស្នាមញញឹមដែលពោរពេញដោយភាពកក់ក្តៅ៕

រៀបរៀងអត្ថបទដោយ៖ ផលាភ

 

 

Home | World Pop Travel - Tours

Sorry - something’s gone wrong

We’re currently experiencing some technical issues with our website. Please bear with us while we try and fix the problem; we‘re sorry for the inconvenience.